TradeWinds

Issue 68

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍នៅថ្ងៃទី 27 ខែមិថុនា ថា DITP បានបោះជំហានការធ្វើអាជីវកម្មថៃសំខាន់ៗទៅកាន់សាធារណរដ្ឋឆេក និងប្រទេសប៉ូឡូញនៅខែមិថុនាដើម្បីស្វែងរកឱកាសអាជីវកម្ម និងឱកាសធ្វើការវិនិយោគនៅក្នុងប្រទេសទាំងនេះ។

អ្នកស្រី Choklumlerd បានមានប្រសាសន៍ថា "នៅសាធារណរដ្ឋឆេក ​សហគ្រាសថៃមានចំណាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើន ដែលរួមមាន វិស័យរថយន្ត បច្ចេកវិទ្យាតូចៗ និងសណ្ឋាគារ។ ស្របពេលជាមួយគ្នានេះដែរ ពួកគេមើលឃើញថា ប្រទេសប៉ូឡូញ គឺជាមូលដ្ឋានផលិតកម្មដែលមានសមត្ថភាពមួយនៅអឺរ៉ុប ពីព្រោះប្រទេសនេះមានបណ្តុំពលករដែលមានជំនាញ និងថ្លៃដើមក្នុងការផលិតដែលមានលក្ខណៈប្រកួតប្រជែង"។ "ប្រទេសប៉ូឡូញក៏បានស្នើសុំបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសប៉ូឡូញនៅក្នុងប្រទេសថៃនៅមុនឆ្នាំ 2018 ផងដែរ"។

 

Issue 68

ការិយាល័យពាណិជ្ជកម្មថៃនៅតូរ៉ង់តូបានធ្វើការរាយការណ៍កាលពីថ្ងៃទី 11 ខែកក្កដាថា ការ៉េមគ្មានជាតិទឹកដោះគោ និងរូបមន្តការ៉េមថ្មីៗផ្សេងៗទៀត ដែលរួមបញ្ចូលទាំងការ៉េមទឹកដោះគោរួមជាមួយគ្រាប់ផ្លែអាល់ម៉ុន និងការ៉េមសរីរាង្គ ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកាណាដា។

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍ថា "សហគ្រិនថៃគួរតែណែនាំរូបមន្តការ៉េមថ្មីៗទៅកាន់ទីផ្សារនេះ ជាពិសេសការ៉េមរសជាតិដូង ពីព្រោះផលិតផលដែលផលិតពីផ្លែដូងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់ទាំងឡាយនៅប្រទេសអាមេរិកខាងជើង។ ចំណែកការ៉េមរសជាតិផ្សេងៗទៀត ដូចជាផ្លែឈើថៃ និងបង្អែមថៃ ក៏មានទិដ្ឋភាពវិជ្ជមាននៅក្នុងទីផ្សារនេះផងដែរ"។

លោក Thanakrit Luangasnathip កុងស៊ុល (ផ្នែកពាណិជ្ជកម្ម) នៅតូរ៉ង់តូ បានបន្ថែមថា "នៅពេល​ទិញការ៉េម អ្នកប្រើប្រាស់ដែលជាជនជាតិកាណាដាមានកង្វល់អំពីរសជាតិ និងគ្រឿងផ្សំ។ ពួកគេ​ចូលចិត្តគ្រឿងផ្សំដែលមានគុណភាពល្អ និងអ្វីៗដែលថ្មីៗ"។

 

Issue 68

ការិយាល័យពាណិជ្ជកម្មថៃនៅហុងកុង និង AEON ហុងកុងបានរួមគ្នាប្រារព្វទិវាអាហារថៃនៅក្នុងហាង AEON ចំនួន 12 ហាងនៅខែមិថុនា ដើម្បីធ្វើការផ្សព្វផ្សាយអំពីផលិតផលថៃ។

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍នៅថ្ងៃទី 29 ខែមិថុនា ថា "នៅឆ្នាំនេះ អ្នករៀបចំកម្មវិធីបានជ្រើសរើសផលិតផលថៃថ្មីៗកាន់តែច្រើន ដែលរួមបញ្ចូលទាំងផលិតផលសុខភាព ផលិតផល halal និងផលិតផល OTOP ដើម្បីលក់នៅក្នុងពិពណ៌ពាណិជ្ជកម្មនេះ។ ផលិតផលដែលលក់ដាច់ជាងគេបំផុតទាំងប្រាំរួមមានផ្លែធុរេន អាហារសម្រន់ ភេសជ្ជៈ/ទឹក​ផ្លែឈើ អង្ករ និងអាហារកក និងអាហារត្រជាក់"។ "ផលិតផលថ្មីៗដែលមានកំណើនក្នុងការលក់ខ្ពស់ជាងគេបំផុត រួមមាន ទឹកដូងកំប៉ុង ដំណាប់ផ្លែឈើ សាឡាដដែលត្រៀមជាស្រេចសម្រាប់ការទទួលទាន និងផលិតផលធ្វើពីផ្លែចេក"។

លោក Wittayakorn Maneenetr នាយកប្រតិបត្តិនៃការិយាល័យ DITP ហុងកុង បានមានប្រសាសន៍ថា "ការស្ទង់មតិអំពីទម្លាប់ក្នុងការទិញទំនិញរបស់អ្នកប្រើប្រាស់នៅទូទាំងសកលលោក​មួយបានបង្ហាញថា ហុងកុង ស្ថិតនៅលំដាប់ខ្ពស់ជាងគេបំផុតនៅក្នុងតារាងនានាពាក់ព័ន្ធនឹងកំណើននៃការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត ខណៈពេលដែលអ្នកប្រើប្រាស់នៅក្នុងទីផ្សារជាច្រើន ដូចជាប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអាល្លឺម៉ង់​បាន និងកំពុងកាត់បន្ថយការទិញទំនិញរបស់ពួកគេ។ ដូច្នេះ DITP លើកទឹកចិត្តអាជីវកម្មថៃឲ្យធ្វើការពង្រីកបណ្តាញចែកចាយតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេដើម្បី ទៅដល់ហុងកុង"។

 

Issue 68

ក្រសួងពាណិជ្ជកម្មដោយសហការណ៍ជាមួយទីភ្នាក់ងារផ្សេងៗទៀត និងប្រទេសឥណ្ឌា បានរៀបចំពិធីតាំងពិពណ៌ និងវេទិការអាស៊ាន-ឥណ្ឌាចាប់ពីថ្ងៃទី 02 រហូតដល់ 05 ខែសីហានៅមជ្ឈមណ្ឌលសន្និបាតជាតិម្ចាស់ក្សត្រី Sirikit ដើម្បីអបអរខួបលើកទី 25 នៃទំនាក់ទំនងរវាងអាស៊ាន និងប្រទេសឥណ្ឌា។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វធ្វើឡើងក្រោមទស្សនាទាន "ភាពជាដៃគូ និងការភ្ជាប់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចប្រកបដោយយុទ្ធសាស្រ្ត"។ ព្រឹត្តិការណ៍នេះបានរួមបញ្ចូលព្រឹត្តិការណ៍ពីរសំខាន់ៗ៖ វេទិកា និងការតាំងពិពណ៌។

វេទិកា ដែលបានដំណើរការចាប់ពីថ្ងៃទី 03 រហូតដល់ថ្ងៃទី 04 ខែសីហា បានរួមបញ្ចូលសេរ៊ីនៃកិច្ចពិភាក្សាតុមូល និងកិច្ចពិភាក្សាជាក្រុមតូចៗ ស្តីពីវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍ ដោយបុគ្គលសំខាន់ៗដែលមកពីប្រទេសនានានៅក្នុងអាស៊ាន ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀត។ ពិធីតាំងពិពណ៌ចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 05 ខែសីហា បានបង្ហាញអំពីសក្តានុពលដ៏ខ្លាំងក្លារបស់ប្រជាជាតិអាស៊ាន និងប្រទេសឥណ្ឌានៅក្នុងសាលតាំងពិពណ៌របស់ប្រទេសនានា និងម៉ាកសញ្ញាសាជីវកម្មនានា ព្រមទាំងមានបញ្ជរជាង 250 បញ្ជរដែលតាំងលក់ផលិតផល និងសេវាកម្មរបស់ប្រទេសនានានៅមជ្ឈមណ្ឌលសន្និបាតជាតិម្ចាស់ក្សត្រី Sirikit ផងដែរ។

 

Issue 68

DITP បានរៀបចំគណៈប្រតិភូផ្នែកពាណិជ្ជកម្មទៅកាន់ប្រទេសកូឡុំប៊ី ប្រទេសកូស្តារីកា និងប្រទេស​ប៉េរ៊ូ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 22 ខែមិថុនា។ សហគ្រាសនៃប្រទេសថៃ ផ្នែកផលិតផលកសិកម្ម ស្បៀងអាហារ និងវិស័យឧស្សាហកម្ម ចំនួនម្ភៃសហគ្រាស បានជួបជាមួយដៃគូអាជីវកម្មថ្មីៗនៅក្នុងប្រទេសទាំងនេះ ជាលទ្ធផលពួកគេទទួលបានការបញ្ជាទិញនានាដែលមានតម្លៃ 10.1 លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍ថា "តំបន់អាមេរិកឡាទីនគឺជាទីផ្សារនាំចេញដែលមានសក្តានុពលមួយសម្រាប់ប្រទេសថៃ។ សហគ្រាសនានានៃប្រទេសថៃមានការពេញចិត្តចំពោះលទ្ធផលនៃការភ្ជាប់ទំនាក់ទំនងអាជីវកម្មនេះ។ ផលិតផលដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លាជាងគេបំផុតសម្រាប់ទីផ្សារទាំងនេះរួមមាន សាច់ត្រីកែច្នៃ ទឹកដោះគោរសជាតិដូង អាហារសម្រន់ ទឹកជ្រលក់ កូនសោរ ធុងទឹកកក ម៉ាស៊ីនបូមទឹក និងគ្រឿងបន្លាស់យានយន្ត"។

ការនាំចេញរបស់ប្រទេសថៃទៅកាន់តំបន់អាមេរិកឡាទីនក្នុងអំឡុងពេលប្រាំខែដំបូងនៃឆ្នាំនេះមានចំនួនរហូតដល់ 3.13 ពាន់លានដុល្លារអាមេរិក ​ដែលមានកំណើន 4.6%។ ប្រទេសថៃបាននាំចូលទំនិញដែលមានតម្លៃ 1.87 ពាន់លានដុល្លារអាមេរិកពីតំបន់អាមេរិកឡាទីន ដែលមានកំណើន 9.69% នៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2016។

 

Issue 68

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Apiradi Tantraporn បានជួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសទួរគី Nihat Zeybekci នៅប្រទេសទួរគី នៅថ្ងៃទី 19 ខែកក្កដា ដើម្បីកត់សម្គាល់អំពីការចាប់ផ្តើមនៃការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ។

អ្នកស្រី Tantraporn បានមានប្រសាសន៍ថា "នៅក្នុងដំណាក់កាលដំបូង យើងមានបំណងកាត់បន្ថយពន្ធលើការនាំចូលចំនួន 100% លើទំនិញនានាដែលធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសទួរគី ដែលនឹងគ្របដណ្តប់លើទំនិញជាង 10,000 ប្រភេទ។ បន្ទាប់ពីនោះ យើងនឹងចាប់ផ្តើមពិភាក្សាអំពីការផ្តល់សេរីភាពលើវិស័យសេវាកម្ម"។

យោងតាងរដ្ឋមន្រ្តីក្រសួងកសិកម្ម តម្លៃនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន 1.2 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2016 ដែលមានអតិរេកពាណិជ្ជកម្មចំនួន 745 ដុល្លារអាមេរិក​សម្រាប់ប្រទេសថៃ។

 

367969