TradeWinds

Issue 61

ក្រសួងថាមពលនៃប្រទេសថៃ សកលវិទ្យាជុឡាឡុងកន និងទីភ្នាក់ងាររបស់រដ្ឋាភិបាលផ្សេងទៀត នឹងសហការណ៍គ្នារៀបចំកម្មវិធីថាមពល និងបច្ចេកវិទ្យាដែលមាននិរន្តរភាពនៅអាស៊ី​ប្រចាំឆ្នាំ 2017 (SETA 2017) ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅកាន់សង្គមមួយដែលមានសារធាតុកាបូនទាប" ចាប់ពីថ្ងៃទី 8 រហូតដល់ថ្ងៃទី 10 ខែមីនា ឆ្នាំ 2017 នៅ BITEC បាងណា ទីក្រុងបាងកក។

ព្រឹត្តិការសំខាន់ៗរបស់ SETA នឹងរួមបញ្ចូលវេទិកា CEO ដែលជាកន្លែងដែលអ្នកបង្កើតគោលនយោបាយទាំងឡានឹងធ្វើការចែករំលែកអំពីចក្ខុវិស័យរបស់ពួកគេចំពោះផែនការថាមពលនានា ការតាំងពិពណ៌យានជំនិះអគ្គិសនី និងយានជំនិះដែលប្រើប្រាស់ទាំងអគ្គិសនី និងប្រេងឥន្ធនៈ សិក្ខាសាលានានា និងសកម្មភាពភ្ជាប់ទំនាក់ទំនងអាជីវកម្មនានាផងដែរ។

ព្រឹត្តិការណ៍ត្រូវបានរំពឹងទុកថានឹងទាក់ទាញអ្នកចូលរួមដាក់ផលិតផលតាំងពិពណ៌ប្រហែល 250 នាក់ ដែលរួមបញ្ចូលទាំងអ្នកចូលរួមដាក់ផលិតផលតាំងពិពណ៌ក្រៅប្រទេសជាង 100 នាក់ និងអ្នកចូលរួមទស្សនាជាង 5,000 នាក់ដែលមកពីទូទាំងពិភពលោកផងដែរ។

 

Issue 61

ក្រសួងពាណិជ្ជកម្ម និងសមាគមអ្នកនាំចេញអង្ករនៃប្រទេសថៃបានរៀបចំពិធីអបអរសាទរសម្រាប់អង្ករ ហម ម៉ាលិ របស់ប្រទេសថៃ ឬអង្ករផ្កាម្លិះថៃ ដែលបានទទួលពានរង្វាន់អង្ករល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ 2016 នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2016 នៅសណ្ឋាគារសុឃោថៃ (Sukhothai) នៅទីក្រុងបាងកក។

អង្ករ ហម ម៉ាលិ ទទួលបានរង្វាន់លេខមួយនៅក្នុងសន្និបាតអង្ករពិភពលោកលើកទីប្រាំបី ដែលប្រាព្វធ្វើឡើងដោយអង្គការពាណិជ្ជករអង្ករនៅឈាងម៉ៃ ចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2016។ អង្ករ Calrose ដែលមកពីសហរដ្ឋអាមេរិកទទួលបានរង្វាន់លេខពីរ និងអង្ករផ្កាម្លិះរបស់ប្រទេសកម្ពុជាទទួលបានរង្វាន់លេខបី។ សំណាកអង្ករដែលមានក្លិនក្រអូបជាង 50 សំណាកដែលមកពីប្រទេសជាច្រើនត្រូវបានដាក់ជូនសម្រាប់ការប្រកួតមុនពេលដែលមានការ​វិនិច្ឆ័យអំពីអង្ករនោះផ្អែកតាមរូបរាង សាច់ ក្លិន និងប្រវែងគ្រាប់។ អង្ករ ហម ម៉ាលិ ក៏ទទួលបាន​លេខមួយនៅក្នុងឆ្នាំ 2009, 2010 និង 2014 ផងដែរ។

 

Issue 61

អគ្គនាយករបស់ DITP គឺ Malee Choklumlerd បានមានប្រសាសន៍នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2016 ថា DITP បានលើកទឹកចិត្តឲ្យប្រតិបត្តិករសណ្ឋាគារនៃប្រទេសថៃធ្វើការវិនិយោគនៅក្នុងប្រទេស​ជប៉ុន ជាកន្លែងដែលកំណើនវិស័យទេសចរណ៍បានធ្វើឲ្យតម្រូវការសណ្ឋាគារកាន់តែច្រើន។

ការិយាល័យពាណិជ្ជកម្មថៃនៅ Hiroshima បានរាយការណ៍ថា កាលពីពីរឬបីឆ្នាំកន្លងទៅ ចំនួន​អ្នកធ្វើទស្សនកិច្ចក្រៅប្រទេសមកកាន់ប្រទេសជប៉ុនមានការកើនឡើងយ៉ាងឆាប់រហ័សដែលបណ្តាលឲ្យមានការខ្វះខាតបន្ទប់សណ្ឋាគារ ជាពិសេសនៅ Kyushu និង Okinawa។

Choklumlerd បានមានប្រសាសន៍ថា "Fukuoka ដែលស្ថិតនៅចំកណ្តាលកោះ Kyushu ខ្វះខាត​ដីធ្លីទំហំធំសម្រាប់សាងសង់សណ្ឋាគារធំៗ ដូច្នេះការសាងសង់សណ្ឋាគារក្នុងក្រុង ឬសណ្ឋាគារ​តូចៗ គឺងាយស្រួលជាង" គាត់បានបន្ថែមទៀតថា សណ្ឋាគារដែលមានហាងទំនិញនៅខាងក្នុងក៏ជាការវិនិយោគផ្នែកអាជីវកម្មដែលមានសក្តានុពលមួយបន្ថែមទៀតផងដែរ។

យោងតាមរបាយការណ៍មួយរបស់ DITP មានភ្ញៀវទេសចរណ៍ប្រហែលបួនលាននាក់បានទៅ​ធ្វើទស្សនកិច្ចនៅ Kyushu និង Okinawa នៅក្នុងឆ្នាំ 2015 ដែលមានការកើនឡើងចំនួន 73% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។

 

 

Issue 61

DITP បានអញ្ជើញនាយកប្រតិបត្តិមកពីក្រុមហ៊ុនឈានមុខរបស់ប្រទេសថៃចំនួនប្រាំពីរក្រុមហ៊ុនដើម្បីធ្វើជាទីប្រឹក្សាថ្នាក់តំបន់ដើម្បីជួយដឹកនាំពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសថៃនៅក្នុងទីផ្សារក្រៅប្រទេស។

ដោយស្ថិតនៅក្រោមគម្រោងនេះ CP នឹងផ្តល់ការប្រឹក្សាសម្រាប់ទីផ្សារនៅប្រទេសចិន ក្រុមហ៊ុន Central Group ផ្តល់ប្រឹក្សាសម្រាប់ទីផ្សារនៅអឺរ៉ុប ក្រុមហ៊ុន Berli Jucker សម្រាប់ទីផ្សារនៅអាស៊ាន ក្រុមហ៊ុន Thai Union Frozen សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Sahapat Group សម្រាប់ទីផ្សារនៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន SCG សម្រាប់ទីផ្សារនៅប្រទេសឥណ្ឌា និងក្រុមហ៊ុន Double A សម្រាប់ទីផ្សារនៅមជ្ឈិមបូព៌ា។

អគ្គនាយករបស់ DITP គឺ Malee Choklumlerd បានមានប្រសាសន៍នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2016 ថា "ដោយមានការគាំទ្ររបស់ពួកគេ និងយុទ្ធសាស្រ្តដទៃទៀត DITP រំពឹងថា ប្រទេសថៃនឹងសម្រេចបាននូវកំណើនលើការនាំចេញចំនួន 3% នៅក្នុងឆ្នាំ 2017"។

 

Issue 61

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គឺ Apiradee Tantraporn បានប្រកាសថា ក្រសួងសុវត្ថិភាពចំណី-អាហារ និងឱសថ (MFDS) របស់ប្រទេសកូរ៉េខាងត្បូងបានចេញបទប្បញ្ញត្តិថ្មីដែលចែងថា ទីភ្នាក់ងារទាំងឡាយដែលចេញលិខិតបញ្ជាក់គុណភាពចំណីអាហារ និងចំណីសត្វដែលត្រូវនាំចេញទៅកាន់ប្រទេសនៅអាស៊ីបូព៌ាត្រូវតែចុះបញ្ជីជាមួយ MFDS ជាមុនសិន។

បទប្បញ្ញត្តិនេះនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2017។ លិខិតបញ្ជាក់គុណភាពរួមមាន HACCP, ISO 22000 និង GMP ព្រមទាំងហាឡាល ខូស៊រ និងអាហារបួសផងដែរ។

Tantraporn បានមានប្រសាសន៍នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2016 ថា "ក្រសួងពាណិជ្ជកម្មបានតែងតាំង DITP ជាអ្នកផ្តល់ព័ត៌មានទៅកាន់ទីភ្នាក់ងារដែលពាក់ព័ន្ធឲ្យធ្វើការចុះបញ្ជីជាមួយ MDFS ដើម្បី​ទប់ស្កាត់ការបដិសេធចំពោះការនាំចេញរបស់ប្រទេសថៃ"។

នៅក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ 2016 ប្រទេសថៃបានធ្វើការនាំចេញចំនួន 339 លានដុល្លារអាមេរិកទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលការនាំចេញសំខាន់ៗរួមមានគ្រឿងសមុទ្រ ស្ករ គ្រឿងសមុទ្រកែច្នៃ ផ្លែឈើកំប៉ុង និងសាច់មាន់កែច្នៃ។

Issue 61

បន្ទាប់ពីមាន Facebook ដែលបង្ហោះមកពីសហរដ្ឋអាមេរិក អះអាងថាអង្ករដែលនាំមកពីប្រទេសថៃមានលាយជាមួយផ្លាស្ទិច រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកស្រី Apiradi Tantraporn បានធ្វើការបញ្ជាក់នៅថ្ងៃទី 6 ខែមករា ថា អង្ករដែលនាំចេញពីប្រទេសថៃមិនបានលាយជាមួយសារធាតុដទៃទៀតឡើយ។

អ្នកស្រី Apiradi Tantraporn បានមានប្រសាសន៍ថា "Siam Grains ដែលជាក្រុមហ៊ុននាំចេញអង្ករម្លិះដែលមានម៉ាកសញ្ញា បានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយផ្នែកសង្គមថា ក្រុមហ៊ុនមានទំនុកចិត្តថាផលិតផលរបស់ក្រុមហ៊ុនពុំមានសារធាតុចម្លែកៗឡើយ ពីព្រោះក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាផលិត និងវេចខ្ចប់បែបទំនើប"។ "អង្ករថៃមានគុណភាពខ្ពស់ ហើយអង្ករ​ទាំងនេះបានឆ្លងកាត់ដំណើរការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងមុនពេលនាំចេញ"។

រដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុននាំចូលកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ដែលអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងបុគ្គលដែលបានបង្ហោះវីឌីអូនៅលើ Facebook។

ស្របពេលជាមួយគ្នានេះផងដែរ អគ្គនាយករបស់ DITP អ្នកស្រី Malee Choklumlerd បានបដិសេធចំពោះពាក្យចចាមរ៉ាមនាពេលថ្មីៗនេះដែលនិយាយថា ផ្លែឈើកំប៉ុងរបស់ប្រទេសថៃត្រូវបានបំពុលដោយមេរោគអេដស៍។

អ្នកស្រី Choklumlerd បានមានប្រសាសន៍ថា "សារនេះគឺជាការបោកបញ្ឆោត"។ "មេរោគអេដស៍ត្រូវការកោសិការបស់មនុស្សដើម្បីរស់នៅ ហើយវាមិនអាចរស់នៅខាងក្រៅខ្លួនមនុស្សបានយូរឡើយ។ អាស្រ័យហេតុនេះ វាទៅមិនរួចនោះទេ ដែលផលិតផលកំពុងត្រូវបានបំពុលដោយមេរោគអេដស៍នោះ។ ផលិតកំប៉ុងរបស់ប្រទេសថៃបានទទួលការត្រួតពិនិត្យយ៉ាងដិតដល់ និងទទួលបានការបញ្ជាក់ស្របតាមស្តង់ដារអន្តរជាតិ មុនពេលនាំចេញតាមកប៉ាល់"។

 

 

367911