Issue 68

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការឈានមុខរបស់ទីក្រុងបាងកក សន្យាថានឹងមានការស្នើលក់ផលិតផលដែលមានគុណភាពល្អបំផុតជាច្រើនប្រភេទខុសៗគ្នាសម្រាប់អ្នកទិញដែលមកពីជុំវិញសកលលោក។

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 60 របស់ទីក្រុងបាកកក ត្រូវបានគេរំពឹងទុកថានឹងទាក់ទាញផលិតករ អ្នកផ្គត់ផ្គង់ និងអ្នករចនាម៉ូដឈានមុខនៅក្នុងឧស្សាហកម្មនេះ ជាង 800 នាក់​ដើម្បីធ្វើការតាំងបង្ហាញផលិតផលនានារបស់ពួកគេនៅក្នុងបញ្ជរជាង 2,100 បញ្ជរនៅក្នុងរាជធានី​របស់ប្រទេសថៃនៅខែកញ្ញានេះ។

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍ថា "BGJF 60 គឺជាវេទិកាអន្តរជាតិដែលមានភាពរស់រវើកមួយសម្រាប់ផលិតផល និងការបង្កើតបណ្តាញអាជីវកម្មលំដាប់​ពិភពលោក។ វេទិកានេះក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាវេទិកាមួយសម្រាប់ SMEs ថៃ និងអ្នករចនាម៉ូដដែលមានទេពកោសល្យក្នុងការតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ពួកគេ និងការរចនាម៉ូដប្រកបដោយនវានុវត្តន៍ ទៅកាន់អ្នកប្រើប្រាស់នៅកម្រិតអន្តរជាតិ។

"បច្ចុប្បន្ន អ្នកប្រើប្រាស់ទាំងឡាយមានចំណង់ចំណូលចិត្ត និងរចនាបថក្នុងការរស់នៅដែលមានភាពច្បាស់លាស់យ៉ាងខ្លាំង និងមានលក្ខណៈខុសៗគ្នា ដែលបណ្តាលឲ្យមានទីផ្សារថ្មីមួយសម្រាប់ការរចនាម៉ូដគ្រឿងអលង្ការដែលមានលក្ខណៈពិសេសខុសប្លែកពីគេ។ អាស្រ័យហេតុនេះ DITP លើកទឹកចិត្តសហគ្រាសត្បូង និងគ្រឿងអលង្ការធ្វើការជ្រៀតចូលទីផ្សារឯកទេសនានា និងតាមឲ្យទាន់ទិន្នាការនានានៅលើសកលលោក"។

ដើម្បីធ្វើការផ្សព្វផ្សាយអំពីគំនិតនេះ ការតាំងពិពណ៌ថ្មីមួយនៅ BGJF 60 នឹងផ្តោតលើនិន្នាការដែលនឹងកើតឡើងនាពេលខាងមុខនៅក្នុងទីផ្សារឯកទេសនានា ដូចជាកេរ្តិ៍ដំណែល និងភាពប៉ិនប្រសព្វសម្រាប់គ្រឿងអលង្ការផលិតដោយដៃនៅសហសម័យ, ថាមពលផ្នែកវិញ្ញាណសម្រាប់គ្រឿងអលង្ការដែលមានជំនឿផ្នែកវិញ្ញាណ, metro men ឬគ្រឿងអលង្ការសម្រាប់បុរស និងពេលវេលាសម្រាប់គ្រឿងអលង្ការសម្រាប់ឱកាសពិសេសៗ។

អ្នកស្រី Choklumlerd បានមានប្រសាសន៍បន្ថែមទៀតថា "ពិធីតាំងពិពណ៌លើកនេះនឹងសម្ភោធការតាំងបង្ហាញផលិតផលថ្មីមួយដែលហៅថា លើសពីគ្រឿងអលង្ការ-ការផ្លាស់ប្តូរម៉ូដគ្រឿងអលង្ការពីមួយទៅមួយ (Beyond Jewelry-Jewelry Crossover) ដែលនឹងរួមបញ្ចូលឧបករណ៍តូចៗ និងទំនិញប្រើប្រាស់ក្នុងផ្ទះដែលមានការតុបតែងលម្អដោយត្បូងនានា"។ "ការតាំងពិពណ៌ប្រភេទ​នេះមានសក្តានុពលខ្លាំងពីព្រោះវាបម្រើដល់តម្រូវការរបស់អតិថិជនបច្ចុប្បន្នដែលមានបំណងបង្ហាញអំពីខ្លួនរបស់ពួកគេតាមរយៈវត្ថុដែលពួកគេប្រើប្រាស់។ ទាំងនេះមិនមែនជាឧបករណ៍បន្ទាប់បន្សំធម្មតានោះទេ ប៉ុន្តែវាគឺជាសញ្ញាមួយដែលឆ្លុះបញ្ចាំងអំពីរចនាបថនៃការរស់នៅ និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ"។

ការកត់សម្គាល់ផ្សេងៗទៀតអំពីពិធីតាំងពិពណ៌នេះ រួមមានការប្រកួតប្រជែងត្បូងទទឹង ដែលនឹងប្រារព្វពិធី BGJF លើកទី 60 ដោយត្បូងទទឹមដែលមានគុណភាពល្អបំផុតចំនួន 60 ដែលផលិតដោយផលិតករថៃ និងផលិតករអន្តរជាតិ សាលពិពណ៌ SMEs មួយដែលបានពលីពេលវេលា និងថាមពលសម្រាប់ SMEs ពូកែៗដែលមកពីសង្កាត់ត្បូងដែលមានកេរ្តិ៍ឈ្មោះ និងសិក្ខាសាលាដែលមានវិសាលភាពទូលំទូលាយ។

លើសពីនេះទៀត គ្រោងការណ៍លើកលែងពន្ធរបស់រដ្ឋាភិបាលសម្រាប់ការនាំចូលផលិតផលត្បូង និងគ្រឿងអលង្ការ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ 2016 មក បាន និងកំពុងជួយកាត់បន្ថយថ្លៃដើមក្នុងការផលិត ដូច្នេះទាំងអ្នកទិញ និងអ្នកធ្វើទស្សនកិច្ចនៅក្នុងពិធីតាំងពិពណ៍នេះនឹងមានឱកាសក្នុងការទិញត្បូង និងគ្រឿងអលង្ការដែលមានគុណភាពល្អបំផុតក្នុងតម្លៃសមរម្យ។

យោងតាមក្រសួងពាណិជ្ជកម្ម ប្រទេសថៃ គឺជាប្រទេសនាំចេញត្បូង និងគ្រឿងអលង្ការធំជាងគេ​បង្អស់លំដាប់ទី 10 នៅលើពិភពលោក។ ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ មិនរាប់បញ្ចូលមាស ត្រូវបានព្យាករណ៍ថាមានការកើនឡើងចំនួន 5% នៅក្នុងឆ្នាំនេះ ដែលមានទឹកប្រាក់រហូតដល់​ 7.32 ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៀត ឧស្សាហកម្មនេះបានជួលបុគ្គលិកឲ្យបម្រើការងារជាង 900,000 នាក់។

BGJF 59 បានទាក់ទាញអ្នកធ្វើទស្សនកិច្ចជាង 17,000 នាក់ដែលបានបំបែកកំណត់ត្រាចំនួនអ្នកធ្វើទស្សនកិច្ចក្រៅបរទេស ដោយមានកំណើនចំនួន 18.8% ប្រសិនបើធ្វើការប្រៀបធៀបជាមួយពិធីតាំងពិពណ៌កាលពីមុន។ ពិធីតាំងពិពណ៌នេះបានប្រមូលផ្តុំអ្នកដាក់ផលិតផលតាំងពិពណ៌សរុបចំនួន 730 នាក់មកពី 18 ប្រទេសនៅក្នុងបញ្ជរចំនួន 2,011 ​បញ្ជរ ដែលរួមមានក្រុមហ៊ុនក្នុងស្រុកចំនួន 625 ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរជាតិចំនួន 105 ក្រុមហ៊ុន។ ផលិតផលដែលទទួលបាន​ប្រជាប្រិយភាពជាទីបំផុត រួមមានចិញ្ចៀន ខ្សែ ក និងបណ្តោងខ្សែ ក។

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 60 របស់ទីក្រុងបាងកកនឹងធ្វើឡើងចាប់ពីថ្ងៃទី 06 រហូតដល់ថ្ងៃទី 10 ខែកញ្ញា នៅសាល Challenger 1-3 អ៊ីមផេក មឿងថងថានី (IMPACT Muang Thong Thani) ទីក្រុងបាងកក។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាមុន សូមចូលទៅកាន់ www.bkkgems.com

ពាក្យសម្តីដោយ Somhatai Mosika

366893