Issue 61

DITP កំពុងត្រៀមខ្លួនសម្រាប់ទម្រង់មួយផ្សេងទៀតរបស់កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿង​អលង្ការនៅទីក្រុងបាងកក ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជំហររបស់ប្រទេសថៃ ក្នុងនាម​ជាទីតាំងដ៏សំខាន់នៃត្បូង និងគ្រឿងអលង្ការសម្រាប់តំបន់អាស៊ាន។

ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការមានភាពរឹងមាំខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាប់​ចំណាត់ថ្នាក់លេខបីនៅក្នុងប្រទេស សម្រាប់តម្លៃនៃការនាំចេញ ដែលមានតម្លៃនៃការនាំចេញចំនួន 435 ពានលានបាត (12.3 ពាន់លានដុល្លារអាមេរិក) ចាប់ពីមករា រហូតដល់ខែតុលា ឆ្នាំ 2016 ដែលតំណាងឲ្យកំណើនចំនួន 36.2% ដោយប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2015។

ដោយរដ្ឋាភិបាលមានគោលបំណងចំនួនពីរនៅក្នុងការធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិត និងធ្វើជំនួញត្បូង និងគ្រឿងអលង្ការនៅលើពិភពលោក និងធ្វើឲ្យការតាំងពិពណ៌នេះក្លាយ​ជាការតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការធំជាងគេបំផុតលំដាប់ទីបីនៅលើពិភពលោក ត្រឹមឆ្នាំ 2018 DITP បានផ្តោតលើការផ្សព្វផ្សាយអំពីម៉ាកសញ្ញាគ្រឿងអលង្ការថៃ ទាំងតូចទាំងធំ។

ដោយនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈ កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការ លើកទី 59 នៅទីក្រុងបាងកក (BGJF) នឹងផ្តល់ជូននូវឱកាសថ្មីៗសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងអាជីវកម្មត្បូង និងគ្រឿអលង្ការ ធ្វើការពង្រីកការលក់របស់ពួកគេនៅក្នុងកម្មវិធីតាំងពិពណ៌នេះ ស្របពេលជាមួយគ្នានោះ បង្កើតទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់ទាំងឡាយនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេស។

អគ្គនាយករបស់ DITP គឺ Malee Choklumlerd បានមានប្រសាសន៍ថា "កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការនៅទីក្រុងបាងកក គឺជាឱសថដ៏អស្ចារ្យមួយសម្រាប់អ្នកទិញទាំងឡាយដែលមកពីទូទាំងពិភពលោកដើម្បីទិញវត្ថុធាតុដើម ត្បូង និងគ្រឿងអលង្ការដែលមានគុណភាពល្អពីអ្នកផលិតឈានមុខទាំងឡាយ និងបង្កើតបណ្តាញទំនាក់ទំនងកាន់តែ​ទូលំទូលាយជាមួយដៃគូអាជីវកម្មនានា"។ "យើងក៏មានបំណងធ្វើឲ្យប្រទេសថៃក្លាយជាអ្នកបង្កើតនិន្នាការមួយសម្រាប់​ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការនៅអាស៊ាន និងអាស៊ី ព្រមទាំងលើកទឹកចិត្តឲ្យមានការទទួលស្គាល់កាន់តែខ្លាំងចំពោះម៉ាកសញ្ញានានារបស់គ្រឿងអលង្ការថៃនៅលើទីផ្សារពិភព-លោក"។

ដើម្បីលើកតម្កើនកំណើនលើឧស្សាហកម្មនេះ រដ្ឋាភិបាលថៃកំពុងផ្តល់អត្ថប្រយោជន៍ពន្ធនានា ដូចជាការលើកលែងអាករលើតម្លៃបន្ថែមជារៀងរហូតសម្រាប់ពេជ្រ និងត្បូងដែលមិនទាន់បានកែច្នៃ និងកាន់បន្ថយពន្ធលើការនាំចូលសម្រាប់គ្រឿងម៉ាស៊ីន និងបរិក្ខារដែលប្រើប្រាស់សម្រាប់ការផលិតគ្រឿងអលង្ការ។

ព្រឹត្តិការណ៍សំខាន់របស់កម្មវិធីតាំងពិពណ៌នេះនឹងរួមបញ្ចូលតំបន់នានាសម្រាប់ការឈានទៅរកភាពជោគជ័យរបស់ម៉ាកសញ្ញានានារបស់គ្រឿងអលង្ការថៃព្រមទាំងការបង្ហាញទស្សនាទានសម្រាប់ទីផ្សារដែលប្រកបដោយសក្តានុពលនានា ដូចជា៖ 50+Exhibition ដែលបង្ហាញនូវគ្រឿង​អលង្ការសម្រាប់មនុស្សវ័យចំណាស់, គ្រឿងអលង្ការ Gemstlemen សម្រាប់​បុរស, គ្រឿងអលង្ការ Pet Parade សម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម, ការតាំងពិពណ៌ Moments ដែលនឹងបង្ហាញនូវគ្រឿងអលង្ការសម្រាប់ឱកាសពិសេសៗ, Culture Club សម្រាប់គ្រឿងអលង្ការដែលមានលក្ខណៈសិល្បៈ និងការរចនាដោយដៃ, និង Spiritual Power សម្រាប់គ្រឿងអលង្ការដែលពាក់ព័ន្ធនឹងជំនឿលើវិញ្ញាណ។

DITP ក៏នឹងធានាផងដែរថា សន្តិសុខនៅក្នុងកម្មវិធីតាំងពិពណ៌នេះមានភាពតឹងរ៉ឹងដោយបាន​រួមបញ្ចូលទាហាននៃព្រះរាជាណាចក្រថៃ ព្រមទាំងបានដំឡើងម៉ាស៊ីនថត CCTV និងប្រព័ន្ធសន្តិសុខផ្សេងៗទៀតនៅនឹងកន្លែងផងដែរ។

កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 58 នៅទីក្រុងបាងកកត្រូវបានប្រារព្វធ្វើឡើង​នៅខែកញ្ញា ឆ្នាំ 2016 ដោយបានទទួលអ្នកទស្សនាមកពីក្រៅប្រទេសក្នុងចំនួនដ៏ច្រើន ជាពិសេសអ្នកទស្សនាដែលមកពីប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ង់។ ការលក់ជាទូទៅនៅក្នុងកម្មវិធីតាំងពិពណ៌ទទួលបានទឹកប្រាក់សរុបចំនួន476.85 លានដុល្លារអាមេរិក (16.69 ពាន់លានបាត)។ ផលិតផលដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុត គឺ ពេជ្រ គ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស ត្បូងមានតម្លៃ និងត្បូងមានតម្លៃកម្រិតកណ្តាល។

កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការ លើកទី 59 នៅទីក្រុងបាងកក នឹងធ្វើឡើងចាប់ពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2017 នៅសាល Challenger, IMPACT Muang Thong Thani, ទីក្រុងបាងកក ដែលគ្របដណ្តប់លើផ្ទៃដីចំនួន 58,000 ម២ កម្មវិធីនេះនឹងមានការដាក់តាំងបង្ហាញចំនួន 2,500 តូបរបស់អ្នកចូលរួមដាក់តាំងពិពណ៌ដែលមកពីប្រទេសថៃ និងមកពី​ក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.bkkgems.com

សរសេរជា Words ដោយ Pimsirinuch Borsub

Tags: BGJF | Gems | Jewelry | DITP | Design
365785