Issue 49

ក្រុម​ហ៊ុនចំណី​អាហារ​ចំនួន​ប្រមាណ​ជាង​១,៨០០ ក្រុមហ៊ុន​មក​ពី​៤០ ប្រទេស ​នឹង​ធ្វើការ​បង្ហាញ​ផលិតផល​របស់​ពួក​គេ​នៅ​ពិព័រណ៌​ពាណិជ្ជកម្ម​ចំណីអាហារ​ទី​២ ធំ​ជាង​គេ​របស់​អាស៊ី។

សហការ​រៀបចំ​ដោយ DITP សភាពាណិជ្ជ​ថៃ​និង​ Koelnmesse GmbH, THAIFEX-World of Food Asia បាន​លើក​កម្ពស់​ការ​នាំចេញ​នៃ​ផលិត​ផល​ចំណីអាហារ​​ប្រទេស​ថៃ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ ក៏ដូច​ជា​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ។​

អគ្គនាយក​ DITP លោកស្រី Malee Choklumlerd បាន​​មាន​ប្រសាសន៍​ថា "THAIFEX-World of Food Asia គឺជា​យុទ្ធសាស្ត្រ​១ របស់​ពួក​យើង​ក្នុង​ការ​លើក​កម្ពស់​ប្រទេសថៃ​ ឱ្យ​ក្លាយជា​ផ្ទះបាយ​របស់​ពិភពលោក។ វាក៏បាន​ជំរុញ​ការ​ទទួល​យក​ផលិតផល​ចំណី​អាហារ​​និងសេវា​ចំណីអាហារ​ប្រទេស​ថៃ នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ផងដែរ"។​

ការ​នាំ​ចេញ​ចំណី​អាហារ​របស់​ប្រទេស​ថៃ​មាន​តម្លៃ​ ២៤.៤​ពាន់លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។ សម្រាប់​ឆ្នាំ​នេះ DITP មាន​ផែនការ​ក្នុង​ការ​បង្កើន​នាំ​ចេញទៅ​ទីផ្សារ​​ដូចជា ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រទេស​ចិន​ និង​មជ្ឈឹមបូពា៌។ THAIFEX ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន។

លោកស្រី Choklumlerd ​​មាន​ប្រសាសន៍​ថា "ពិព័រណ៌ប្រចាំ​ឆ្នាំ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ចំណីអាហារ​និង​ភេសជ្ជៈ​ក្នុង​ប្រទេស​ថៃនិងក្នុង​​តំបន់​ ព្រោះ​យើង​អាច​ជួបជា​មួយ​​ផលិតករ​ដែល​​មក​ពី​ប្រទេសផ្សេងៗគ្នា​ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ពី​ផលិតផល​និង​បច្ចេកវិទ្យា​​របស់​ពួកគេ​ ក៏ដូចជា​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ថ្មី​"។

ក្នុង​ឆ្នាំ​២០១៥ ពិព័រណ៌​ដែល​មាន​រយៈពេល​៥ ថ្ងៃ​អាច​រក​ចំណូល​បាន​២៣៤ លាន​ដុល្លារ​អាមេរិក (៨,១៨៩ លានបាត)។ ទឹកប្រាក់​ប្រមាណ​៤០ លានដុល្លារ​ (១,៤០៦ លាន​បាត) គឺ​បាន​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ភ្លាមៗ ហើយទឹកប្រាក់​ចំនួន ១៩២ លាន​ដុល្លារ​អាមេរិក (៦,៧០៩.២ លាន​បាត) ជា​ការ​លក់​ដែល​មាន​សក្តានុពល​សម្រាប់រយៈពេល​​១ ឆ្នាំ ជា​មួយ​គ្នានោះ ការលក់​រាយ​បាន​កើន​ឡើង​ជាង​មុនដល់ទៅ ២លាន​ដុល្លារ​អាមេរិក (៧៣.៨ លាន​បាត)។

នា​​ឆ្នាំ​កន្លង​ទៅនេះ THAIFEX បាន​ទាក់ទាញ​អ្នកចូលទស្សនា​ជនជាតិ​បរទេស​ចំនួន ៦,៤២២​ នាក់ ដែល​មាន​ការពិព័រណ៌​ចំណីអាហារ​ពី​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ម៉ា​ឡេស៊ី ជប៉ុន តៃវ៉ាន់ អាឡឺម៉ង់ អុីតាលី សឹង្ហបុរី វៀតណាម និង​ទួគី។

ចាប់ផ្តើម​កម្មវិធី​ពីថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែឧសភា នៅ IMPACT, Muang Thong Thani ទីក្រុង​បាងកក លោកស្រី Choklumlerd រំពឹង​ទុក​ថា THAIFEX ​ឆ្នាំ​២០១៦ ជា​ពិព័រណ៌​ជោគ​ជ័យ​ដូច​ពិព័រណ៌​ឆ្នាំ​មុន។

លោកស្រី​បាន​មាន​ប្រសាសន៍ថា "យើង​រំពឹង​ថា​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ភ្លាមៗ​និង​ការ​លក់​រាយ​នៅឆ្នាំ​នេះ នឹងមិនតិច​ជាង​ឆ្នាំ​មុន​ឡើយ ព្រោះ​ថាសេដ្ឋកិច្ច​ដៃគូពាណិជ្ជកម្ម​របស់​ពួកយើង​កំពុង​​តែ​មាន​ភាព​ប្រសើរឡើង​ ហេតុនេះ តម្រូវ​ការ​សម្រាប់​ផលិតផល​ចំណីអាហារ​នឹង​ត្រូវ​កើន​ឡើង​ផងដែរ​"។

DITP កំពុង​លើកទឹកចិត្ត​សហគ្រិន​ថៃ​ដែល​នៅ​ទូទាំង​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ពិព័រណ៌ ហើយ​កំពុង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​និង​សិក្ខាសាលាស្តីពី​ឧស្សាហកម្ម​ចំណីអាហារ​និង​និន្នាការ​ចំណីអាហារ​ និង​ផ្តល់​ដំបូន្មាន​ដល់​ក្រុមហ៊ុន​នាំចេញ​ចំណីអាហារ​ថៃ​ផង​ដែរ។​

THAIFEX-World of Food Asia 2016 នឹង​បើក​ឱ្យ​មាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ចាប់​ពីថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែ​ឧសភា​ (ម៉ោង​១០ ព្រឹក​ដល់​ម៉ោង​៦ ល្ងាច) ហើយ​ពិព៧រណ៌​នឹង​ត្រូវ​បើក​សម្រាប់​សាធារណៈជន​ចាប់​ពីថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែ​ឧសភា​ (ម៉ោង​១០ ព្រឹក​ដល់​ម៉ោង​៨ យប់)។

សម្រាប់​ព័ត៌មាន​បន្ថែម​ ចូលទស្សនា​ក្នុង www.ditp.go.th និង​ www.thailandfoodfair.com​

ព័ត៌មាន​និង​រូបថតទាក់ទងនឹង​​ DITP

អត្ថបទដោយ Somhatai Mosika

 

 

 

368773