Issue 69

Massimo Reverberi ជាស្ថាបនិករបស់ Bugsolutely ជជែកជាមួយ Horizon អំពីផលិតផលមីអ៊ីតាលីរបស់គាត់ ដែលត្រូវបានហៅថាជាអាហារដ៏អស្ចារ្យថ្មីមួយ។

តើអ្នកអាចប្រាស់យើងអំពី Bugsolutely បានទេ?

ក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្រោមម៉ាកសញ្ញា Bugsolutely ដែលជាអ្នកផលិតមីអ៊ីតាលីធ្វើពីម្សៅសត្វចង្រិតដ៏ពិសេសតែមួយគត់។ យើងបានសហការជាមួយសាកលវិទ្យាល័យខនគែន នៅក្នុងការគ្រប់គ្រងកសិដ្ឋានបង្កាត់ពូជ និងសាកលវិទ្យាល័យក្សេត្រសាតនៅក្នុងការកែច្នៃ។

ហេតុអ្វីបានជាអ្នកជ្រើសរើសយកសត្វចង្រិត?

សត្វចង្រិតមានប្រូតេអ៊ីនខ្ពស់រហូតដល់ 65% និងមានកាល់ស្យូម ជាតិដែក វីតាមីន B12 និងអូមេហ្គា 3។ នាពេលថ្មីៗនេះ សត្វចង្រិតកាន់តែត្រូវបានទទួលយកដោយអ្នកទទួលទាននៅជុំវិញពិភពលោកនៅក្នុងប្រភេទចំណីអាហារកែច្នៃ ហើយចំណុចនេះបានធ្វើឲ្យប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការសាកទទួលទានផលិតផលធ្វើពីសត្វល្អិតថ្មីៗទាំងនេះ។ សត្វចង្រិតមិនប៉ះពាល់ដល់បរិស្ថាននោះទេ ពីព្រោះពួកគេត្រូវការទឹកតិចជាងសត្វគោ 1,000 ដង និងត្រូវការអាហារតិចជាងសត្វគោ 10 ដង និងមានរយៈពេលចិញ្ចឹមខ្លីជាង។

ហេតុអ្វីបានជាអ្នកជ្រើសរើសបង្កើតអាជីវកម្មរបស់អ្នកនៅក្នុងប្រទេសថៃ?

ខ្ញុំជ្រើសរើសយកប្រទេសថៃ ពីព្រោះប្រទេសនេះជាប់ចំណាត់ថ្នាក់ខ្ពស់មួយនៅក្នុងចំណោមប្រទេសផលិតសត្វល្អិតដែលជាប់ចំណាត់ថ្នាក់ខ្ពស់ៗបំផុតនៅទូទាំងពិភពលោក។ នៅទីនេះ មានកសិដ្ឋានបង្កាត់ពូជសត្វចង្រិតជាង 20,000 កន្លែងនៅទូទាំងប្រទេស ដែលបង្កាត់ពូជបានសត្វចង្រិតចន្លោះពី 4,000 ទៅ 6,000 តោនក្បាលក្នុងមួយឆ្នាំ។ ខ្ញុំគិតថាប្រទេសថៃ ប្រហែលជាប្រទេសដែលផលិតសត្វចង្រិតច្រើនជាងគេបំផុតសម្រាប់ការទទួលទានរបស់មនុស្សនៅលើពិភពលោក។

តើអ្វីគឺជាចំណុចនៃការលក់ពិសេសៗរបស់ Bugsolutely?

មីអ៊ីតាលីរបស់យើង គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម្សៅស្រូវសាលី និងម្សៅសត្វចង្រិត 20% និងមានស្តង់នៃការស្រាវជ្រាវ និងផលិតដែលទទួលបានលិខិតបញ្ជាក់។ មីអ៊ីតាលីនេះផ្តល់សាច់ម្សៅ និងពណ៌ប្រហាក់ប្រហែលគ្នាទៅនឹងសាច់ម្សៅ និងពណ៌របស់មីអ៊ីតាលីដែលធ្វើពីម្សៅស្រូវសាលីសុទ្ធដែរ ប៉ុន្តែមានជាតិសរសៃច្រើងជាងពីរដងប្រសិនបើប្រៀបធៀបទៅនឹងមីអ៊ីតាលីធម្មតា។ មីអ៊ីតាលីនេះស័ក្តិសមសម្រាប់អ្នកទទួលទានគ្រប់វ័យ។

 

 
 

តើអ្នកបានជួបនឹងបញ្ហាប្រឈមអ្វីខ្លះខណៈពេលកំពុងផ្សព្វផ្សាយអំពីផលិតផលថ្មីនេះ?

វាមានការលំបាកក្នុងការជ្រាតចូលទៅក្នុងទីផ្សារចំណីអាហារកែច្នៃ ក្នុងអំឡុងពេលនៃដំណាក់កាលដំបូងៗ ពីព្រោះអ្នកទទួលទានមិនទាន់ស្គាល់ច្បាស់អំពីចំណីអាហារប្រភេទនេះនៅឡើយ ទោះបីជាការពិតទៅ សត្វចង្រិតមានរូបរាងកាយស្រដៀងគ្នានឹងសត្វបង្គាក៏ដោយ ប៉ុន្តែសត្វចង្រិតមានភាពស្អាតបាតជាង និងត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋានដែលអាចទុកចិត្តបាន។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាប់ផ្តើមដាក់លក់ និងការផ្សព្វផ្សាយអំពីផលិតផលរបស់យើង យើងបានចាប់ផ្តើមទទួលបានយោបល់ត្រឡប់វិជ្ជមាននៅទូទាំងពិភពលោក ទាំងពីអ្នកទទួលទាន និងមេចុងភៅដែលចង់សាកប្រើប្រាស់មីអ៊ីតាលីប្រភេទថ្មីនេះនៅក្នុងបង្កើតមុខម្ហូបខុសៗគ្នាជាច្រើន។ ពួកគេភាគច្រើនមានការភ្ញាក់ផ្អើល និងជាប់ចិត្តជាមួយរសជាតិដ៏ឆ្ងាញ់របស់មីអ៊ីតាលីនេះ។

តើផែនការនាពេលអនាគតរបស់អ្នក គឺជាអ្វី?

យើងកំពុងរៀបចំផែនការចែកចាយមីអ៊ីតាលីទៅជុំវិញពិភពលោក គឺទៅកាន់ប្រទេសនានា ដូចជា សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសញូវហ្សឺលែន និងប្រទេសអូស្រ្តាលី ដែលប្រទេសទាំងអស់នេះមានចំណាប់អារម្មណ៍ចំពោះផលិតផលចំណីអាហារដែលផលិតពីសត្វល្អិត ហើយបានទទួលការអនុញ្ញាតឲ្យនាំចូលសត្វល្អិតសម្រាប់ការទទួលទានរួចរាល់ហើយ។ យើងក៏កំពុងបន្តអភិវឌ្ឍផលិតផលរបស់យើងដើម្បីបម្រើតម្រូវការក្នុងការទទួលទាននាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.bugsolutely.com

រូបថតដោយ Bugsolutely

 

 

 

365087