Issue 66

Darunotai Vajrodaya ដែលជាម្ចាស់ និងអ្នកច្នៃម៉ូដ Magical Realism បានប្រាប់ Horizon អំពី​របៀបដែលនាងបានបង្វែរចំណង់របស់នាងចំពោះគ្រឿងអលង្កាឲ្យទៅជាវិជ្ជាជីវៈ។

តើអ្នកអាចប្រាប់យើងខ្ញុំបន្តិចបន្តួចអំពី Magical Realism បានដែរឬទេ?

ខ្ញុំមានបំណងចង់ធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្កា តាំងពីខ្ញុំមានអាយុ 15 មកម៉្លេះ ពីព្រោះខ្ញុំស្រលាញ់​ម៉ូដសម្លៀកបំពាក់ ហើយគ្រឿងអលង្កាគឺជាចំណង់របស់ខ្ញុំ។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្រុមហ៊ុនរបស់ខ្ញុំ​មានម៉ាកសញ្ញាគ្រឿងអលង្កា និងសម្ភារបន្ទាប់បន្សំចំនួនបួន ដែលរួមមាន Darunotai, Magical Realism, Charming Realism និង Maya Luxana ដែលម៉ាកសញ្ញានីមួយៗមានលក្ខណៈ និងអតិថិជនគោលដៅ​ខុសៗគ្នា។

តើអ្នកអាចពន្យល់យើងខ្ញុំអំពីម៉ាកសញ្ញារបស់អ្នកបានដែរឬទេ?

ម៉ាកសញ្ញាទីមួយរបស់ខ្ញុំ គឺ Darunotai ដែលវាគឺជាម៉ាកសញ្ញាគ្រឿងអលង្កាដ៏ល្អមួយ។ ខូលលិកសិននេះត្រូវបានអភិវឌ្ឍពីគម្រោងបញ្ចប់ការសិក្សាររបស់ខ្ញុំ ដែលមានឈ្មោះថា Lost at Sea ដែលខ្ញុំបានធ្វើវានៅមហាវិទ្យាល័យសិល្បៈ និងការច្នៃម៉ូដ Central Saint Martins សាកលវិទ្យាល័យសិល្បៈ នៅទីក្រុង​ឡុងត៍។ ខូលលិកសិននេះទទួលបានការបំផុសគំនិតពីដៃរបស់សត្វមឹក។ ខ្ញុំបានចាត់ទុកដៃទាំងនោះថា​ជាបន្ទាត់ដែលស្ថិតនៅក្នុងទម្រង់ដែលមានសេរីភាព ហើយខ្ញុំបានស្រមើស្រមៃរបៀបដែលវាអាចបង្កើត​ទ្រង់ទ្រាយ និងទម្រង់នានានៅលើខ្លួនប្រាណរបស់មនុស្ស។ ដូច្នេះហើយក៏ក្លាយជាម៉ូដរបស់ខូលលិកសិន Darunotai។ ម៉ាកសញ្ញា Magical Realism ផ្តោតលើសម្ភារបន្ទាប់បន្សំលើម៉ូដសម្លៀកបំពាក់ ដូចជា​កាបូប និងចិញ្ចៀនជាដើម ដែលទទួលបានការបំផុសគំនិតពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវបានច្នៃម៉ូដឡើងវិញដោយបន្ថែមមុខងារ និងសម្ភារសម្រាប់បន្ថែមពីលើនានា ដូចជាកាបូបដៃដែលមើលទៅដូចជាដបស្រា។ ម៉ាកសញ្ញា Charming Realism ផ្តល់ជូននូវគ្រឿងអលង្កាសម្រាប់ម៉ូដសម្លៀកបំពាក់ក្នុងតម្លៃសមរម្យ ខណៈពេលដែល Mayaluxana គឺជាគ្រឿងអលង្កាដែលមានភាពប្រណិតជាខ្លាំង ដែលបង្ហាញគំនិតចំពោះរូបរាងសត្វដែលកើតចេញពីការស្រមើស្រមៃដែលមកពីព្រៃ Himavanta ដែលជាព្រៃមួយនៅក្នុងរឿងព្រេងនិទាននៅក្នុងការសិក្សាអំពីទេវកថារបស់សាសនាហិណ្ឌូ។

តើអ្វីគឺជាចំណុចខ្លះនៃម៉ាកសញ្ញារបស់អ្នក?

យើងមានចេតនាជ្រើសរើសយកសម្ភារដែលមានគុណភាពល្អមកពីប្រភពខុសៗគ្នាទាំងនៅក្នុង​ស្រុក និងនៅក្រៅប្រទេសដើម្បីធានាថា ផ្នែកនានានៃគ្រឿងអលង្កានឹងជួយបង្កើនបុគ្គលិកលក្ខណៈ​របស់អ្នកពាក់ ហើយពួកគេគួរតែមានអារម្មណ៍ងាយស្រួលក្នុងការពាក់វា។ គ្រប់ខូលលិកសិនទាំងអស់​ត្រូវបានធ្វើឡើងដោយដៃ និងអាចកែប្រែបាន។ យើងអនុញ្ញាតឲ្យអតិថិជនជ្រើសរើសសម្ភារដែលពួកគេពេញចិត្តសម្រាប់គ្រឿងអលង្ការបស់ពួកគេ ហើយតម្លៃនឹងអាស្រ័យទៅលើសម្ភារទាំងនោះ ដូចជាត្បូង មាស និងប្រាក់ជាដើម។

តើអ្វីគឺជាភាពជោគជ័យរបស់អ្នកដែលធ្វើឲ្យអ្នកមានមោទនភាពជាទីបំផុត?

ខ្ញុំត្រូវបានជ្រើសរើសដោយទស្សនាវដ្តី Wallpaper ឲ្យធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្កានៅលើនាឡិកាសម្រាប់ឆ្នាំ 2014 នៅចក្រភពអង់គ្លេស។ ការងាររបស់ខ្ញុំ គឺ ខូលលិកសិន Darunotai – ដែលនោះគឺជា​គម្រោងបញ្ចប់ការសិក្សារបស់ខ្ញុំ – បានបង្ហាញរូបរាងនៅក្នុងជំនាន់ក្រោយរបស់ទស្សនាវដ្តី Wallpaper ច្បាប់ចេញផ្សាយសម្រាប់ខែមករា ឆ្នាំ 2014។

តើអ្នកលក់គ្រឿងអលង្ការបស់អ្នកនៅកន្លែងណា?

អតិថិជន អាចស្វែងរក និងទិញខូលលិកសិនគ្រឿងអលង្ការរបស់យើងបាននៅផ្សារទំនើប Emporium នៅទីក្រុងបាងកក ព្រមទាំងតាមបណ្តាញអនឡាញ ដូចជា Facebook, Instagram និង Line ជាដើម។

តើអតិថិជនរបស់អ្នកគឺជាអ្នកណា?

បច្ចុប្បន្ន អតិថិជនរបស់យើង 60% គឺជាជនបរទេស និង 40% ទៀតគឺជាជនជាតិថៃ។ ប៉ុន្តែ ម៉ាកសញ្ញា​នីមួយៗមានអតិថិជនគោលដៅខុសៗគ្នា។ ជនជាតិអឺរ៉ុបចូលចិត្ត Darunotai ខណៈពេលដែលជនជាតិ​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងមជ្ឈិមបូព៌ា ចូលចិត្តទិញខូលលិកសិន Charming Realism។ កន្លងមក Mayaluxana មានអតិថិជនគោលដៅជាជនជាតិថៃ ពីព្រោះពួកគេយល់អំពីរូបភាពខាងក្រោយរបស់ព្រៃ Himmavanta និងត្រៀមខ្លួនជាស្រេចក្នុងការចំណាយប្រាក់សម្រាប់ខូលលិកសិនដែលប្រណិត​ខ្លាំងនេះ។ អតិថិជនគោលដៅរបស់ Magical Realism គឺជនជាតិរុស្សី និងជនជាតិចិន។

តើផែនការនាពេលអនាគតរបស់អ្នកគឺជាអ្វី?

ខ្ញុំចង់បើកហាងលក់ផលិតផលល្អបំផុតនៅក្នុងប្រទេសថៃ ហើយនឹងធ្វើការពង្រីកហាងយ៉ាងសកម្មទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការបើកហាងដែលបញ្ជាទិញតាមប្រព័ន្ធកុំព្យូទ័រ ឬការដាក់បង្ហាញ និងចែកចាយខូលលិកសិនរបស់ខ្ញុំនៅក្នុងការតាំងពិពណ៌ពាណិជ្ជកម្មគ្រឿងអលង្កាដ៏ល្បីល្បាញ។ ខ្ញុំនឹងផ្តោត​បន្ថែមលើការបង្កើនការយល់ដឹងអំពីម៉ាកសញ្ញាតាមរយៈវែបសាយត៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាកន្លែងដែលខ្ញុំអាចពិនិត្យតាមដានអាកប្បកិរិយាក្នុងការទិញរបស់អតិថិជនបានយ៉ាងជិតស្និទ្ធ មានអន្តរកម្មជាមួយពួកគេ និងទទួលបានយោបល់ត្រឡប់ភ្លាមៗ។ ការធ្វើបែបនេះជួយខ្ញុំឲ្យបង្កើតខូលលិកសិនបានកាន់តែល្អដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។ ខ្ញុំក៏មានផែនការដាក់ខូលលិកសិនគ្រឿងអលង្ការបស់ខ្ញុំទៅកាន់កម្មវិធីពានរង្វាន់នៃការច្នៃម៉ូដល្អឥតខ្ចោះ (Design Excellent Award (DEmark)) ផងដែរ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងឈ្នះពានរង្វាន់នោះ ខ្ញុំនឹងទទួលបានឱកាសកាន់តែល្អប្រសើរក្នុងបញ្ជៀតខ្លួនចូលទីផ្សារទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.darunotai.com ឬតាមដាន FB:MagicalRealismWorld, Instagram:MagicalRealismWorld និង Line ID: Houseof Magic។

រូបភាព ភាពទន់ភ្លន់របស់ Magical Realism

 

366676