Issue 59

ការទិញសិទ្ធិធ្វើអាជីវកម្មពីប្រទេសថៃកំពុងរីកលូតលាស់នៅក្នុងតំបន់ដើម្បីចូលរួមក្នុងឆាកអាជីវកម្មដែលទំនងជានឹងទទួលបានជោគជ័យរបស់អាស៊ាន។

កំណើនសេដ្ឋកិច្ចខ្លាំងក្លា និងការកើនឡើងនៃប្រាក់ចំណូល គឺបានមកពីការលក់រថយន្តនៅក្នុងប្រទេសជិតខាងរបស់ប្រទេសថៃ ហើយវាបានធ្វើឲ្យមានកំណើនយ៉ាងខ្លាំងក្លានៃអាជីវកម្មនានាដែលពាក់ព័ន្ធនឹងយានយន្ត។

យោងតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការនាំចូលយានជំនិះថ្មីៗ និងយានជំនិះដែលប្រើ​រួច​បានកើនឡើងជាង 10% រហូតដល់មានយានជំនិះចំនួន 55,000 គ្រឿងកាលពីឆ្នាំមុន ហើយគេរំពឹងទុកថានឹងមានការកើនឡើងប្រហែល 10% នៅឆ្នាំនេះ ខណៈពេលដែលទិន្នន័យពីការិយាល័យរដ្ឋបាល​ចរាចរណ៍ផ្លូវគោករបស់ប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា ក្នុងឆ្នាំ 2015 ការលក់យានជំនិះថ្មីៗ​សរុប​មាន​ការកើនឡើង 70.6% ច្រើនជាងឆ្នាំមុន ដែលមានចំនួនរហូតដល់ 6,362 គ្រឿង។ នៅប្រទេសឡាវ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរាយការណ៍ថាចំនួនយានជំនិះសរុបបានកើនឡើង 8.17% ដែលមានចំនួនប្រហែល 1.71 លានគ្រឿងនៅក្នុងឆ្នាំ 2015 ប្រសិនបើប្រៀបធៀបជាមួយឆ្នាំមុន។

Sirijit Karnchanabatr នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនថៃ-អាល្លឺម៉ង់ Car-Lack ដែលជាក្រុមហ៊ុន​មេ​របស់ក្រុមហ៊ុនផ្តល់សេវាថែទាំរថយន្ត Moly Care មានប្រសាសន៍ថា "ប្រទេសកម្ពុជា ប្រទេស​មីយ៉ាន់ម៉ា និងប្រទេសឡាវ គឺជាទីផ្សារថ្មីរួមជាមួយកំណើនដែលមានសក្តានុពលខ្ពស់ ពីព្រោះយើងបាន​សង្កេតឃើញការកើនឡើងយ៉ាងខ្លាំងក្លានូវរថយន្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ"។ "អ្នកមាន​នៅក្នុងប្រទេសទាំងនេះមានរថយន្តដែលមានតម្លៃថ្លៃខ្លាំង ហើយពួកគេត្រូវការសេវាពិសេសៗសម្រាប់​រថយន្តរបស់ពួកគេ។ Moly Care គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងទីផ្សារទាំងនេះ យើងបង្រៀនពួកគេអំពីវិធីថែទាំរថយន្តរបស់ពួកគេ"។

ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែទាំរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Car-Lack បានសម្រេច​ចិត្តសម្ភោធក្រុមហ៊ុន Moly Care នៅក្នុងឆ្នាំ 2006 ដើម្បីផ្តល់សេវាថែទាំរថយន្តដែលមានគុណភាព​ខ្ពស់ ដែលរួមបញ្ចូលទាំងការលាងរថយន្ត ការប៉ូលា ការសម្អាតផ្នែកខាងក្នុងនៃរថយន្ត ការសម្អាត​ម៉ាស៊ីន ការលាងថ្នាំចេញ និងប៉ូលាកញ្ចក់។

ក្នុងឆ្នាំ 2010 ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ដោយបានសម្ភោធ​សាខាទិញសិទ្ធិធ្វើអាជីវកម្មនៅភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសាខា​ចំនួនពីរ។ បន្ទាប់មកក្រុមហ៊ុននេះបានបើកសាខាចំនួនបួននៅទីក្រុងវៀងចន្ទន៍ និងសាខាចំនួនមួយនៅទីក្រុងយ៉ាំងហ្គោន។ បច្ចុប្បន្ន Moly Care មានសាខាជាង 50 សាខានៅក្នុងប្រទេសថៃ ដែលភាគច្រើនគឺជាការទិញសិទ្ធិធ្វើអាជីវកម្ម និងសាខាចំនួនប្រាំពីរនៅក្រៅប្រទេស។

Karnchanabatr មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបាន និងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការពង្រីកក្រុមហ៊ុននៅក្រៅប្រទេស។ គាត់មានប្រសាសន៍ថា "យើងបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងសកម្មភាពផ្គូផ្គងអាជីវកម្មដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ហើយយើងបានទទួល​ព័ត៌មានទំនាក់ទំនងមួយចំនួនពីកម្មវិធីនេះ"។

ទោះបីជាយ៉ាងណាក៏ដោយ គាត់ធ្វើការព្រមានដល់ក្រុមហ៊ុនជាសក្តានុពលនានាដែលកំពុងវាយលុក​ទីផ្សារក្នុងតំបន់ថា វាមិនជារឿងងាយស្រួលនោះទេក្នុងការជ្រើសរើសដៃគូអាជីវកម្មដែលត្រឹមត្រូវ វាតែងតែត្រូវចំណាយពេលជាងមួយឆ្នាំដើម្បីចុះកិច្ចសន្យា។

គាត់ពន្យល់ថា "ដៃគូដ៏ត្រឹមត្រូវ គឺសំខាន់ខ្លាំងណាស់សម្រាប់ការពង្រីកអាជីវកម្មរបស់អ្នកទៅក្រៅប្រទេស។ យើងតែងតែចំណាយពេលដើម្បីជ្រើសរើសដៃគូល្អៗដែលពេញចិត្តអាជីវកម្មរបស់យើង និង​អាចដំណើរការវាបានក្រោមលក្ខខណ្ឌនានានៃការទិញសិទ្ធិធ្វើអាជីវកម្មរបស់យើង"។ "ដៃគូអាជីវកម្ម Moly Care នីមួយៗ ត្រូវតែបំពេញកម្រងសំណួររបស់យើងដែលតម្រូវឲ្យពួកគេធ្វើការស្ទង់មតិ​ទីផ្សារដើម្បីបញ្ជាក់អះអាងអំពីការសម្រេចចិត្តរបស់ពួកគេ។ ដំណើរការនេះក៏ជួយឲ្យពួកគេទទួលបានរូបភាព​​អាជីវកម្មកាន់តែច្បាស់ផងដែរ"។

បន្ថែមពីលើការស្វែងរកដៃគូដែលមានសមត្ថភាពនេះទៀតនោះ Karnchanabart បានមានប្រសាសន៍​ថាផលិតផល និងសេវាដែលមានគុណភាពខ្ពស់ ចំណេះធ្វើអំពីការថែទាំរថយន្ត និងយុទ្ធសាស្រ្តទីផ្សារ​គ្រប់ជ្រុងជ្រោយគឺជាកត្តាសំខាន់ដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន។

Moly Care មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈសិទ្ធិអាជីវកម្មនៅក្នុងប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ Karnchanabart មានប្រសាសន៍ថា "សិទ្ធិធ្វើអាជីវកម្ម គឺជា​គំរូអាជីវកម្មល្អជាងគេបំផុតសម្រាប់ Moly Care ពីព្រោះយើងជឿជាក់ថា [ដៃគូ] ក្នុងតំបន់ស្គាល់ច្បាស់​អំពីយុទ្ធសាស្រ្តទីផ្សារដែលមានប្រសិទ្ធភាពខ្ពស់ជាងគេបំផុត និងច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ ដែល​ចំណុចទាំងអស់នេះមានសារៈសំខាន់ចំពោះការធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសដទៃទៀត"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.molycare.com ឬអ៊ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

រៀបរៀងដោយ Somhatai Mosika

 

387953