Issue 69

ប្រធានអ្នកផលិតសម្ភារដាក់លើតុអាហារ melamine ដែលឈានមុខគេនៅលើពិភពលោកបានពន្យល់អំពីភាពជោគជ័យរបស់ក្រុមហ៊ុន និងផែនការនាពេលអនាគត។

ក្នុងនាមជារោងចក្រធំជាងគេបំផុតនៅលើពិភពលោកដែលផលិតសម្ភារដាក់លើតុអាហារ melamine 100%, Srithai Superware កំពុងបន្តការអភិវឌ្ឍ និងផ្តល់ជូននូវរចនាបថថ្មីៗនៃផលិតផលនានាដើម្បីបំពេញតាមនិន្នាការចុងក្រោយបង្អស់របស់ពិភពលោក និងតម្រូវការរបស់អ្នកប្រើប្រាស់នៅគ្រប់ជ្រុងទាំងអស់នៅលើពិភពលោក។

យោងតាម DITP ការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយរបស់ប្រទេសថៃមានចំនួនរហូតដល់ US$779.69 លាន នៅក្នុងឆ្នាំ 2016 ដែលក្នុងនោះទឹកប្រាក់ប្រហែល US$143.20 លាន គឺបានមកពីផលិតផលធ្វើពីជ័រ។ នៅក្នុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំនេះ ការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយដែលធ្វើពីជ័របានឈានដល់ US$65.47 លាន ដែលការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយជាទូទៅមានចំនួនសរុប US$357.96 លាន។

Sanan Angubolkul ដែលជាប្រធាន និងប្រធានគ្រប់គ្រងក្រុមហ៊ុន មានប្រសាសន៍ថា "ការបង្កើតផលិតផលដែលតម្រង់ទិសដល់អតិថិជន គឺជាអ្វីដែលធ្វើនៅ Srithai Superware។" "អ្នកចែកចាយក្នុងស្រុករបស់យើងនៅក្នុងទីផ្សារជាក់លាក់នានា ផ្តល់ធាតុចូលអំពីតម្រូវការរបស់អតិថិជន ហើយក្រុមស្រាវជ្រាវ និងអភិវឌ្ឍរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកចែកចាយទាំងនោះ និងអ្នកផ្គត់ផ្គង់សម្ភាររបស់យើងដើម្បីធ្វើឲ្យតម្រូវការទាំងនោះក្លាយជាការពិត។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធានាថា ផលិតផលថ្មីៗរបស់យើងនឹងមានភាពប្រកួតប្រជែង និងអាចលក់បាននៅលើទីផ្សារមុនពេលចាប់ផ្តើមដំណើរការផលិត។"

ដោយមានបទពិសោធន៍ជាង 50 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុនផលិតសម្ភារដាក់លើតុអាហារ melamine ក្រោមម៉ាកសញ្ញារបស់ខ្លួនផ្ទាល់– Superware – ព្រមទាំងធ្វើប្រតិបត្តិការក្នុងនាមជារោងចក្រផលិតបរិក្ខារដើម (OEM) សម្រាប់ម៉ាកសញ្ញាជាច្រើនដែលមានភាពល្បីល្បាញនៅក្នុងប្រទេសភាគខាងលិច។

Angubolkul ពន្យល់ថា "នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ប្រជាជនកាន់តែមានចំណាប់អារម្មណ៍ចំពោះការទិញផលិតផលធម្មជាតិ ឬផលិតផលដែលមើលទៅមានលក្ខណៈធម្មជាតិ និងមានផ្ទៃផលិតពីធម្មជាតិ។ ដូច្នេះយើងបានបង្កើតខូឡិចសិនសិលារបស់យើង ដែលជាសម្ភារដាក់លើតុអាហារ melamine ដែលមានផ្ទៃសម្ភារផលិតពីថ្មធម្មជាតិ។" "វាគឺជានវានុវត្តន៍នៃរបកគំហើញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្ម melamine ហើយរហូតមកដល់សព្វថ្ងៃនេះ ពុំមានក្រុមហ៊ុនណាមួយអាចចម្លងអ្វីដែលយើងធ្វើបានឡើយ។"

នៅក្នុងឆ្នាំ 2012 ក្រុមហ៊ុនបានសម្ភោធម៉ាកសញ្ញានៃរចនាបថរស់នៅ The Potters ដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង ដោយមានសម្ភារដាក់លើតុអាហារ melamine សម្ភារផ្ទះបាយ និងកាបូបយួរដៃធ្វើពីសាច់ក្រណាត់បោះពុម្ព។

Angubolkul បានបន្ថែមថា "យើងបានបង្កើតគំនិតនៃការរចនាដ៏សំខាន់មួយសម្រាប់ The Potters។ រាល់ផលិតផលទាំងអស់ត្រូវបានបង្ហាញតាមរយៈសាច់រឿងនៃតួអង្គនានាដែលស្ថិតនៅក្រោមគំនិតនៃការរចនាមួយ ដែលទទួលការជះឥទ្ធិពលពីម៉ូដសាមញ្ញរបស់អឺរ៉ុបនៅក្នុងសតវត្សរ៍ទី 17។" "វាក៏ជានវានុវត្តន៍មួយសម្រាប់យើងផងដែរ ពីព្រោះទាំងនេះមិនមែនជាផលិតផល melamine ធម្មតានោះទេ ប៉ុន្តែវាគឺជាសម្ភារនៃរចនាបថក្នុងការរស់នៅដែលមានសាច់រឿងពិសេសតែមួយគត់របស់ម៉ាកសញ្ញាមួយ។ គំនិតរចនានេះបានជួយដល់យើងនៅក្នុងការបង្កើតមូលដ្ឋានអ្នកប្រើប្រាស់ថ្មីមួយ។"

បច្ចុប្បន្ន Srithai Superware នាំចេញផលិតផលរបស់ខ្លួនទៅកាន់ជាង 100 ប្រទេសនៅជុំវិញពិភពលោក។ ក្រៅពីប្រទេសថៃ ក្រុមហ៊ុនក៏មានរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ ដែលផលិតផលិតផលជាចម្បងសម្រាប់ទីផ្សារក្នុងស្រុក។ រោងចក្របន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បង់ក្លាដេស និងស្រីលង្កាកំពុងត្រូវបានបង្កើតឡើង។ Angubolkul មានប្រសាសន៍ថា "ក្រុមហ៊ុនកំពុងបន្តស្វែងរកឱកាសអាជីវកម្មថ្មីៗឥតឈប់ឈរនៅក្នុងទីផ្សារដែលមានស្រាប់របស់យើង និងទីផ្សារថ្មីៗដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។"

DITP បានផ្តល់ពានរង្វាន់របស់នាយករដ្ឋមន្រ្តីសម្រាប់អ្នកនាំចេញល្អបំផុតជូនក្រុមហ៊ុន Srithai Superware នៅក្នុងឆ្នាំ 2016 ដោយទទួលស្គាល់អំពីភាពជោគជ័យដែលលេចធ្លោជាងគេរបស់ក្រុមហ៊ុននេះនៅលើទីផ្សារនានានៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះក៏ទទួលបានការទទួលស្គាល់ជាផ្លូវការថាជាម៉ាកសញ្ញាដែលមានទំនុកចិត្តរបស់ប្រទេសថៃ (T Mark) ផងដែរ ដែលនេះគឺជាសញ្ញាសម្គាល់នៃភាពល្អឥតខ្ចោះ និងគុណភាពដែលគួរជាទីទុកចិត្តនៅក្នុងការផលិត ពលកម្មដែលមានភាពយុត្តិធម៌ និងទំនួលខុសត្រូវផ្នែកបរិស្ថាន និងសង្គម។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.srithaisuperware.com និង www.thepotterssince2012.com

ពាក្យសម្តីដោយ Somhatai Mosika

 

 

366771