Issue 66

រសជាតិថៃពិតប្រាកដ និងការរៀបចំតាមស្តង់ដារអន្តរជាតិ គឺជារូបមន្តធ្វើម្ហូបសម្រាប់ភាពជោគជ័យជា​បន្តបន្ទាប់របស់ខ្សែសង្វាក់នៃភោជនីយដ្ឋាន Blue Elephant។

Nooror Somany Steppe ដែលជាដៃគូស្ថាបនា និងជានាយករបស់ Blue Elephant ដែលជាភោជនីយ-ដ្ឋានអាហារថៃដ៏ប្រណិត ជឿជាក់ថាអ្នកបើកដំណើរការភោជនីយដ្ឋានអាហារថៃមានគុណសម្បត្តិមួយ​លើសវិធីធ្វើម្ហូបផ្សេងទៀតនៅក្នុងទីផ្សារជាសកល។

នាងបាននិយាយថា "រសជាតិខុសៗគ្នាជាច្រើននៅក្នុងអាហារតែមួយចានដែលជាភាពលេចធ្លោរបស់អាហារថៃ"។ "សហគ្រិនអាហារថៃអាចធ្វើការផ្សព្វផ្សាយអំពីចំណុចនេះសម្រាប់ផលិតផល និងសេវានានាសម្រាប់ការចែកចាយនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនៅលើសកលលោក។"

បច្ចុប្បន្ន Blue Elephant មានសាខាចំនួនប្រាំបីនៅជុំវិញពិភពលោក នៅប្រ៊ុសសែល – ដែលជាភោជនីយដ្ឋានទីមួយ – នៅបារីស ចាកាតា ឌូបៃ ខូភែនហាហ្គែន ម៉ាល់តា ព្រមទាំងនៅបាងកក និងភូកេតនៅក្នុងប្រទេសថៃ។

"ចំណុចសំខាន់ គឺនាំយកគ្រឿងផ្សំដែលស្រស់ និងមានគុណភាពល្អមកចម្អិតម្ហូបថៃពិតដោយរួមបញ្ចូល​ជាមួយការគ្រប់គ្រងផលិតផលតាមស្តង់ដារអន្តរជាតិ ដូចជាស្តង់ដារ BRC ជាដើម"។ "ចំណុចនេះធ្វើឲ្យ​អតិថិជនមានទំនុកចិត្តមកលើសាខា Blue Elephant របស់យើង។"

Blue Elephant បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតកេរ្តិ៍ដ៏ល្អប្រសើរសម្រាប់ម្ហូបអាហារថៃនៅជុំវិញពិភពលោក ជាពិសេសដោយសារតែការចូលរួមរបស់ខ្លួនជាមួយ DITP នៅក្នុងសកម្មភាពជាច្រើន ដូចជាការផ្សព្វផ្សាយអំពីទីផ្សារម្ហូបអាហារថៃនៅអាហ្រ្វិក និងត្រូវបានជ្រើសរើសសម្រាប់សប្តាហ៍នៃការច្នៃម៉ូដនៅមីលែន (Milan Design Week) ឆ្នាំ 2017 ដែលជាផ្នែកមួយនៃគម្រោងវិរបុរសនៃម៉ាកសញ្ញាថៃ (Thai Brand Heroes Project) - ជាតិដែលបង្កើតឡើងដោយបេះដូងនៃប្រទេសថៃ (Thailand Heart-made Nation) ដែលតំណាងឲ្យគំរូអាជីវកម្មថ្មីមួយ ដែលរួមបញ្ចូលនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដើម្បី​បង្កើតម៉ាកសញ្ញាជាសកលមួយ។

 
 

នាងនិយាយថា "នៅប្រទេសអាហ្រ្វិកខាងត្បូង ផលិតផលរបស់យើងអាចស្វែងរកបាននៅ Woolworths ដែលរួមមាន គ្រឿងការីបៃតង គ្រឿងការីក្រហម ខ្ទិះដូង និងឈុតធ្វើម្ហូបថៃ"។

Nooror ជឿជាក់ថា ម្ហូបតាមផ្លូវគឺជានិន្នាការម្ហូបអាហារជាសកលលោកដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងនាមជាវិធីធ្វើម្ហូបនៅអាស៊ី។ នាងនិយាយថា "វាគឺជាម្ហូបឆាប់រហ័ស និងមានប្រជាប្រិយភាព ដែលឆ្លុះបញ្ចាំងអំពីរសជាតិ និងវប្បធម៌របស់ប្រជាជននៅក្នុងប្រទេសនោះ។" "ម្ហូបអាហារអាស៊ីក៏កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងផងដែរ ជាពិសេសម្ហូបថៃ។ វាមានសារសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណ និងរសជាតិរបស់ម្ហូបថៃពិតឲ្យដល់កម្រិតខ្ពស់បំផុត។"

ភោជនីយដ្ឋានកំពុងមានការកើនឡើងក្នុងការលក់ម្ហូបអាហារដែលផ្សំចូលគ្នាច្រើនមុខ ដែលដៃគូប្រកួត​ប្រជែងដ៏ចម្បងរបស់វិធីធ្វើម្ហូបថៃ គឺវៀតណាម និងជប៉ុន។ និន្នាមួយផ្សេងទៀត ​ជាពិសេសនៅអឺរ៉ុប គឺ​ម្ហូបអាហារដែលល្អចំពោះសុខភាព ដែលមានទាំងរសជាតិឆ្ងាញ់ និងតម្លៃថោក។

Nooror និយាយថា "ភោជនីយដ្ឋានចាំបាច់ត្រូវស្វែងរកវិធីណាមួយដើម្បីផ្សព្វផ្សាយអំពីម្ហូបដែលតម្រង់ទិសចំពោះសុខភាព​រួមជាមួយរសជាតិបូរាណក្នុងតម្លៃសមរម្យ។ គោលដៅចម្បង គឺប្រជាជនវ័យក្មេងដែលមានវិជ្ជាជីវៈនៅក្នុងទីក្រុង និងជនបរទេស ដែលភាគច្រើនចូលចិត្តសេវាខ្ចប់ និងសេវាដឹកជញ្ជូន។"

នាពេលថ្មីៗនេះ Blue Elephant បានជាប់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានឈានមុខមួយក្នុងចំពោះ​ភោជនីយដ្ឋានឈានមុខចំនួន 150 នៅទីក្រុងបាងកក សម្រាប់រង្វាន់ភោជនីយដ្ឋានល្អៗបំផុតរបស់ Thailand Tatler សម្រាប់ឆ្នាំ 2017។ Nooror មានមោទនភាពយ៉ាងខ្លាំងចំពោះការកោតសរសើរនេះ។

នាងនិយាយថា "រង្វាន់នេះទទួលបានពិន្ទុពីការបោះឆ្នោតដែលធ្វើឡើងដោយអ្នកអាន និងអ្នកកែសម្រួលរបស់ទស្សនាវដ្តី Thailand Tatler ដែលបានបញ្ជូនអ្នកវាយតម្លៃរបស់ពួកគេមកកាន់កន្លែងរបស់យើងខ្ញុំដោយមិនបានជូនដំណឹងដើម្បីជៀសវាងការទទួលបានសេវាពិសេសពីភោជនីយដ្ឋាន។"

ពាក្យសម្តីរបស់ Natthinee Ratanaprasidhi

366889