Issue 49

ឧស្សាហកម្ម​គំនូរជីវចល​ថៃ​កំពុង​ឈាន​ដល់​ជំនាន់ថ្មី​នៃ​អ្នកបង្កើត​គំនូរជីវចល​ដែល​មាន​ទេព​កោសល្យ។

ឧស្សាហកម្ម​ដែល​មាន​លក្ខណៈបង្កើតថ្មី​នៅប្រទស​ថៃ​ ត្រូវ​បាន​ជំរុញដោយ​វិស័យ​ឯកជន​និង​សាធារណៈ ចាប់ពី​ស្ទូឌីយោគំនូរជីវចល​ដែល​​បង្កើត​ថ្មី​ ទៅ​ការ​គាំទ្រ​ដែល​ផ្តល់​ដោយ​ DITP និង​ភ្នាក់ងារ​លើក​កម្ពស់​ឧស្សាហកម្ម​សូហ្វវែរ (SIPA)។

កាលពីខែធ្នូ ឆ្នាំ​២០១៥ បាន​នាំយក​ក្រុមហ៊ុន​គំនូរ​ជីវចល​ថៃ​ចំនួន៥ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​គំនូរ​ជីវចល​អាស៊ី (AAS ឆ្នាំ​២០១៥) ដែល​បាន​ប្រារព្ធ​នៅ​កោះ Jeju ប្រទេស​កូរ៉េ​ខាងត្បូង។

អគ្គនាយក​ DITP លោកស្រី Malee Choklumlerd បាន​​មាន​ប្រសាសន៍​នៅ​មុន​ពេល​ព្រឹត្តការណ៍ថា "កម្មវត្ថុ​គឺ​ដើម្បី​បង្ហាញពីសក្តានុពល​នៃ​​​ក្រុមហ៊ុន​ឧស្សាហកម្ម​គំនូរជីវចល​ថៃ នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ជា​កន្លែង​ដែល​មាន​ឱកាស​ទំនាក់ទំនង​ជាមួយ​អ្នកបង្កើត​គំនូរជីវចល​ អ្នកវិនិយោគ ដៃគូនិង​អ្នក​ផ្សាយសំឡេង​តាម​វិទ្យុ ឬ ទូរទស្សន៍​​ល្បីៗ"។

ស្ទូឌីយោ Moonhouse គឺជា​ស្ទូឌីយោ​១ ក្នុង​ចំណោម​ស្ទូឌីយោ​គំនូរ​ជីវចល​ទាំង​៥ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​សកម្មភាព ដែល​ត្រូវ​បាន​បង្កើត​ដោយ​ Kid Screen នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អ្នក​បង្កើត​ Moonhouse លោក Pavidcha Arayaphong លើកឡើង​ថា "នៅ AAS ២០១៥ ពួក​យើង​ព្យាយាមលក់​​គម្រោង​របស់​ពួក​យើង​ទៅ​កាន់​ក្រុមហ៊ុន​ចែកចាយ​នៅ​ទូទាំង​ពិភពលោក។ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​យើង​ ហើយ​យើង​ក៏អាច​ទទួល​បាន​ចំណេះ​ដឹង​អំ​​ពី​វិធី​ដែល​ប្រទេសផ្សេង​ទៀត​បង្កើត​ភាពយន្ត​គំនូរ​ជីវចល​"។

 

បន្ទាប់​ពី​ធ្វើការ​ជា​អ្នក​បង្កើត​គំនូរ​ជីវចលជាង​ ១០ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក លោក​ Arayaphong បាន​ត្រឡប់​មក​ប្រទេស​ថៃ​ដើម្បី​ចាប់​ផ្តើម​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ដើមឆ្នាំ​២០១៥។

លោក​ Arayaphong បានបន្តទៀតថា "កាលពីខ្ញុំ​នៅក្មេង​ ខ្ញុំពិត​ជា​ចូលចិត្ត​គូរ​គំនូរ​និង​មើល​គំនូរ​ជីវចល។ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់ការ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម ខ្ញុំ​បាន​ចាកចេញទៅសហរដ្ឋអាមេរិក​ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្ញុំ។ នៅពេលនោះ មិត្ត​រួម​បន្ទប់​របស់​ខ្ញុំ​បាន​បបួល​ខ្ញុំ​ទៅរៀន​​ថ្នាក់​គំនូរជីវចល​ ជាមួយ​គាត់​ ហើយ​វាក៏​ជា​ការ​ដែល​ខ្ញុំ​ចាប់​ផ្តើម​រៀន​គំនូរ​ជីវចល​ដែរ។ ដូចនេះ ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ ១៤​ឆ្នាំ ដើម្បីរៀន​និង​ធ្វើការ​ជា​អ្នក​ច្នៃម៉ូដ​​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​​ផលិតកម្ម"។

លោក​ Arayaphong ប្រាប់​ថា​ វា​អាច​ចំណាយ​រយៈពេល​ពី ៦ ទៅ ៧ឆ្នាំ​ ដើម្បី​បញ្ចប់​​ភាពយន្ត​គំនូរ​ជីវចល​មួយ ចាប់ពី​ដំណាក់កាល​ដំបូង​នៃ​ការ​ផលិត​ រហូត​ដល់​ការ​បញ្ចាំង។

លោក​បាន​បន្ថែម​ទៀតថា "ភាពយន្ត​គំនូរជីវចល​ខ្លះដែល​ខ្ញុំ​បាន​ផលិត​​នៅ​សហរដ្ឋ​អាមេរិក​គឺ​ Penguins of Madagascar និង Strange Magic ។ នៅ​សហរដ្ឋអាមេរិក ខ្ញុំ​ក៏​បាន​ធ្វើការ​ជាមួយ Dreamworks ​ និង Lucasfilm ដែរ"។

លោក​ Arayaphong ជឿថា ឧស្សាហកម្ម​គំនូរ​ជីវចល​នៅ​ប្រទេស​ថៃ​ បាន​ដើរ​អស់​ជា​ច្រើនឆ្នាំ​មក​ហើយ​។ ហើយ​បច្ចុប្បន្ន​នេះ មាន​ផលិតផល​សូហ្វវែរ​សម្រាប់​គំនូរ​ជីវចល​ជា​ច្រើន​និង​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​ចំណេះ​ដឹង​​ថ្មី​និង​អភិវឌ្ឍជំនាញ​របស់​ពួកគេ។ លោក​បន្ថែម​ទៀតថា​ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ដូចជា Silpakorn និង​ Mahidol កំពុង​ផលិត​គំនូរ​ជីវចល​ល្អៗ​សម្រាប់​សារណា​របស់​គេ។

លោក​មាន​យោបល់​ទៀតថា "ចំណុច​សំខាន់​ដែល​ជា​បេះដូង​នៃ​គំនូរ​ជីវចល​គឺ​ការ​ប្រាប់​ពី​ដំណាល​រឿង។ ខ្ញុំ​ជឿថា​ប្រសិន​បើ​យើង​អាច​ធ្វើ​បាន​ល្អ គំនូរ​ជីវចល​ថៃ​នឹង​ទទួល​បាន​ជោគជ័យ។ អ្នកនៅ​ក្នុង​ឧស្សាហកម្ម​នេះ គឺ​មាន​លក្ខណសម្បត្តិ​ខ្ពស់​ ហើយ​ពួក​គេ​ត្រៀម​លក្ខណៈ​ជាស្រេច​សម្រាប់​ឱកាស​ក្នុង​ការ​ផលិត​ភាពយន្ត​គំនូរ​ជីវចល​ថ្មី"។

បំណង​របស់​លោក​ Arayaphong គឺផលិត​គំនូរ​ជីវចល​ល្អៗ ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់រូប​ចូល​ចិត្ត​ទស្សនា។ លោក​បាន​និយាយ​ថា "អត្ថន័យ​របស់​​រឿង​អាច​មិន​ចាំបាច់​ទាក់ទង​នឹង​វប្បធម៌របស់​ប្រទេស​ថៃឡើយ វា​អាច​ជា​រឿង​ដែល​មាន​លក្ខណៈ​កំប្លែង​​និង​សប្បាយ"។

សម្រាប់​ព័ត៌មានបន្ថែម សូម​ចូលទស្សនាគេហទំព័រ http://m-h-studio.com​

ព័ត៌មាន​ទាក់ទង​នឹង​ DITP

អត្ថបទដោយ Pimsirinuch Borsub

 

 

 

 

 

 

 

 

 

 

 

 

 

367117